សត្វស្លាបប្រមាណ ១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែ តំបន់នេះមានរយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោក
តំបន់ការពារទេសភាព បឹងព្រែកល្ពៅ មានទីតាំងស្ថិតនៅ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។
តំបន់នេះ គឺជាតំបន់ដីសើមមួយ ស្ថិតនៅតាមដីសណ្តរទន្លេមេគង្គ ក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំប្រមាណ ៨ ៣០៥ ហិចតា។
គួរឲ្យដឹងផងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណ ១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែ តំបន់នេះមានរយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោក។ ប្រភេទសត្វកម្រនិងសំខាន់ៗរួមមាន សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៍ជាដើម។
សម្រាប់សត្វដែលសំបូរជាងគេមានសត្វចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌ស។
ប្រិយមិត្តទាំងអស់គ្នា ក៏អាចមកទស្សនានៅក្នុងតំបន់មួយនេះ បានដោយឥតគិតថ្លៃ នៅពេលទំនេរ សម្រាកពីការងារ ឬនាពេលចុងសប្តាហ៍ ដើម្បីលំហែអារម្មណ៍ជាមួយទេសភាពធម្មជាតិ ក្នុងប្រទេស ក៏ដូចជាជួយគាំទ្រនិងជម្រុញសេដ្ឋកិច្ចក្នុងខេត្តផងដែរ។