ភ្នំពេញ៖ យោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា ស្ដីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានបង្ហាញថា ប្រជាពលរដ្ឋច្រើនជាង 90% បានគាំទ្រឱ្យរាជរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់។នេះបើយោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី២៤ខែមេសានេះ។
យោងតាមការសិក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវការស្នើសុំមួយចំនួនរបស់ពលរដ្ឋរួមមានត្រឹមតែ៖ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរមានតែឈ្មោះ និងម៉ាកស្រាបៀរតែប៉ុណ្ណោះ ក្នុងនោះ កុំឱ្យមានសារឬរូបភាពអូសទាញពង្វក់ ការមិនឱ្យតារា ឬអាយដុល (Idol) របស់កុមារនិងយុវជន ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការមិនឱ្យដាក់រង្វាន់ទាក់ទាញឱ្យប្រើប្រាស់គ្រឿងស្រវឹង ការមិនឱ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា និងការដក/ទម្លាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមដងផ្លូវសាធារណៈ ឬតាមមុខផ្ទះពលរដ្ឋ ដូចដែលរដ្ឋបាលខេត្តភាគច្រើនធ្វើកន្លងមក។
នាឱកាសនោះដែរ លោក ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក ក.គ.ផ.ស. នៃក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក.គ.ផ.ស. បានសម្ដែងសេចក្តីសោមនស្សរីករាយអំពីលទ្ធផល ការអង្កេតស្តីពីទស្សនៈប្រជាជនលើការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង” ដើម្បីបង្ហាញទស្សនៈរបស់ប្រជាជន ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង សម្រាប់ចូលរួមចំណែក ក្នុងការរៀបចំគោលនយោបាយផ្សព្វផ្សាយគ្រឿងស្រវឹង ឱ្យមានប្រសិទ្ធភាព និងចូលរួមថែរក្សា ពង្រឹងវិស័យ សុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ ការរៀបចំសណ្តាប់ធ្នាប់ការ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។
លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាននៃ ក.គ.ផ.ស. ក្រុមហ៊ុនធុរកិច្ចផលិតផលគ្រឿងស្រវឹង និងដៃគូពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់រាជរដ្ឋាភិបាល គោលការណ៍ ១៧ ចំណុចរបស់ ក.គ.ផ.ស. គោលការណ៍ “ឆន្ទៈល្អ” និងវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាដល់ការលូតលាស់សេដ្ឋកិច្ចជាតិ និរន្តរភាពការងារជូនប្រជាពលរដ្ឋ សុខុមាលភាពសាធារណៈប្រកបដោយចីរភាព។
សូមបញ្ចាក់ថា កន្លងមកបើទោះបីរាជរដ្ឋាភិបាលបានបានដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងក៏ដោយ ភាគរយនៃអ្នកសេពគ្រឿងស្រវឹងជោគជាំ បានកើនពី១២%នៅឆ្នាំ២០១៦ ដល់៥២%នៅឆ្នាំ២០២៣ក្នុងចំណោមបុរស និងកើនឡើង៣ដងក្នុងចំណោមស្រ្តី នេះបើយោងតាមរបាយការណ៍ការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង ២០២៣។ ហើយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺជាកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់បែបនេះ តាមរយៈការផ្ដល់រង្វាន់ច្រើនលើសលប់ទៅដល់អតិថិជនដូចជា រង្វាន់ឡាន ម៉ូតូ លុយសុទ្ធ មាសសុទ្ធ និងរង្វាន់ជាច្រើនទៀត៕